ផ្ទុះការរិះគន់ខ្លាំងៗ! ល្បែងស៊ីសងអនឡាញរីកដុះដាលពេញខណ្ឌសែនសុខ ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់

 

ផ្ទុះការរិះគន់ខ្លាំងៗ! ល្បែងស៊ីសងអនឡាញរីកដុះដាលពេញខណ្ឌសែនសុខ ខណៈអាជ្ញាធរមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
(ភ្នំពេញ)៖ ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» បែរជាមានសេចក្តីរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញជាច្រើនកន្លែង កំពុងបើកដំណើរការយ៉ាងអនាធិបតេយ្យ និងព្រងើយកន្តើយ នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយគ្មានការកោតខ្លាចចំពោះសមត្ថកិច្ចបន្តិចសោះឡើយ។
តាមការចុះអង្កេតផ្ទាល់ពីក្រុមការងារព័ត៌មាន យើងបានរកឃើញទីតាំងបង្កប់ល្បែងស៊ីសងជាច្រើនកន្លែង ដែលមានទាំងការភ្នាល់មាន់ជល់តាមកញ្ចក់ទូរទស្សន៍ និងល្បែងអនឡាញផ្សេងៗទៀត។ ទីតាំងដែលត្រូវបានកត់សម្គាល់ឃើញរួមមាន៖
១. តំបន់ហ្គ្រេនភ្នំពេញ៖ ទីតាំងដែលមានផ្លាកយីហោ «តារាងបាល់ទះហ្គ្រេនភ្នំពេញ» ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ។
២. ភូមិសែនសុខ សង្កាត់សែនសុខ៖ មានទីតាំងល្បែងស៊ីសងបើកចំហរយ៉ាងទូលំទូលាយ។
៣. តំបន់សង្កាត់សែនសុខ (ចំណុចទី១, ទី៤ និងទី៧)៖ ល្បែងស៊ីសងបានរីករាលដាលស្ទើរគ្រប់ទីតាំងក្នុងបណ្តាសង្កាត់ទាំងនេះ ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសង្គម។
មហាជនកំពុងដាក់ជាមន្ទិលសង្ស័យថា តើលោក ចេងមុនីរ៉ា អភិបាលខណ្ឌសែនសុខ និងលោក ហួរម៉េងវ៉ាង អធិការខណ្ឌ កំពុង «ដេកលក់» ឬមួយក៏ «ត្រូវថ្នាំសណ្តំ» អស់ហើយ ទើបបណ្តោយឱ្យទីតាំងល្មើសច្បាប់ទាំងនេះ បើកលេងយ៉ាងរំភើយបែបនេះ? ភាពព្រងើយកន្តើយរបស់អាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យពលរដ្ឋក្នុងតំបន់មានការងឿងឆ្ងល់ថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយខ្នងនៃទីតាំងល្បែងទាំងនោះដែរឬទេ?
ល្បែងស៊ីសង គឺជាប្រភពនៃបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងអសន្តិសុខក្នុងសហគមន៍។ ប្រជាពលរដ្ឋទទូចសុំឱ្យថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ជាពិសេសឯកឧត្តមអភិបាលរាជធានី មេត្តាជួយពិនិត្យ និងមានវិធានការក្តៅ ចុះបង្ក្រាបទីតាំងទាំងនេះជាបន្ទាន់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងពង្រឹងច្បាប់ឱ្យមានប្រសិទ្ធភាព។
យើងនឹងរង់ចាំការបកស្រាយពីភាគីអាជ្ញាធរខណ្ឌសែនសុខ ពាក់ព័ន្ធនឹងករណីអសកម្មនេះនៅពេលក្រោយ៕

ព័ត៌មានដែលជាប់ទាក់ទង