ធ្លាយរឿងដេញថ្លៃគម្រោងផ្លូវបេតុង ស្ងាត់ៗ នៅឃុំច្រេស ស្រុកជុំគិរី ខណៈមេឃុំ និងអភិបាលស្រុក បដិសេធថា មិនទាន់មានគម្រោង

ធ្លាយរឿងដេញថ្លៃគម្រោងផ្លូវបេតុង ស្ងាត់ៗ នៅឃុំច្រេស ស្រុកជុំគិរី ខណៈមេឃុំ និងអភិបាលស្រុក បដិសេធថា មិនទាន់មានគម្រោង

ខេត្ត/កំពត មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ជាខ្លាំង បន្ទាប់ពីមានប្រភពព័ត៌មានបែកធ្លាយអំពីដំណើរការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយកន្លែង ស្ថិតក្នុងឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត (លេខកូដ ៧០៤០១) សម្រាប់ឆ្នាំ២០២៦ ដែលត្រូវបានគេរាយការណ៍ថា បានប្រព្រឹត្តទៅយ៉ាងស្ងាត់កំបាំងបំផុត ដោយគ្មានការចុះផ្សាយក្នុងគេហទំព័ររបស់ គ.ជ.អ.ប ឬការជូនដំណឹងជាសាធារណៈដល់រដ្ឋបាលឃុំ-សង្កាត់ឡើយ។

តាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ មានក្រុមហ៊ុនចំនួន ៤ បានដាក់ពាក្យដេញថ្លៃលើគម្រោងផ្លូវបេតុងដែលមានតម្លៃប៉ាន់ស្មាន ២៤១.៨២៣.៥៦៥ រៀល រួមមាន

១. ក្រុមហ៊ុន ទីមានហេង (តំណាងដោយលោក ឆែន ប៊ុនហេង)៖ តម្លៃដេញ ២៤១.០០០.០០០ រៀល។

២. ក្រុមហ៊ុន (យី តេងលី)៖ តម្លៃដេញ ២៣៩.០០០.០០០ រៀល។

៣. ក្រុមហ៊ុន ងីម ពេជ្រចិន្តា (តំណាងដោយលោកស្រី ងីម ពេជ្រចិន្តា)៖ តម្លៃដេញ ២៣៨.០០០.០០០ រៀល (តម្លៃទាបជាងគេ និងត្រូវបានគណៈកម្មការលទ្ធកម្មសម្រេចជ្រើសរើស)។

៤. ក្រុមហ៊ុន ង៉ែត ផាន់ណាត (តំណាងដោយលោក គង់ លីហ៊ួ)៖ តម្លៃដេញ ២៤០.០០០.០០០ រៀល។

អ្វីដែលជាចំណុចសង្ស័យ និងជាភាពមិនប្រក្រតីបំផុតនោះគឺ នៅពេលដែលអង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងសាកសួរទៅ លោក កែម វ៉ន មេឃុំច្រេសលោកបានឆ្លើយតបយ៉ាងខ្លីតាមទូរស័ព្ទថា មិនទាន់មានគម្រោងដេញថ្លៃណាមួយនៅឡើយទេ។ ស្រដៀងគ្នានេះដែរ លោក គឹម ស្រ៊ុន អភិបាលស្រុកជុំគិរី ក៏បានបដិសេធដូចមេឃុំច្រេសដែរ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពផ្ទុយគ្នាស្រឡះ រវាងឯកសារបែកធ្លាយ និងការបកស្រាយរបស់អ្នកគ្រប់គ្រងមូលដ្ឋាន។

មជ្ឈដ្ឋានប្រជាពលរដ្ឋបានលើកឡើងជាសំណួរថា តើហេតុអ្វីបានជាគម្រោងអភិវឌ្ឍន៍មូលដ្ឋានដែលត្រូវដេញថ្លៃជាសាធារណៈ បែរជាធ្វើឡើងក្នុងលក្ខណៈ “លាក់លៀម” និងមានការបិទបាំងព័ត៌មានពីសំណាក់មន្ត្រីពាក់ព័ន្ធបែបនេះ តើនេះជាការដេញថ្លៃដោយតម្លាភាព ឬមានការបែងចែកផលប្រយោជន៍រវាងក្រុមហ៊ុន និងមន្ត្រីខិលខូចមួយចំនួន

អង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីម្ចាស់គម្រោង ក៏ដូចជាមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន ជៀសវាងការប៉ះពាល់ដល់ប្រសិទ្ធភាពនៃថវិកាជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន។

ព័ត៌មានដែលជាប់ទាក់ទង