
អយុត្តិធម៌ណាស់ អយុត្តិធម៌ណាស់ ! ខ្ញុំបាទ ហុង ផល្លា និងក្រុមគ្រួសារ កំពុងរងគ្រោះ របួសរឿងដីចំការ ដែលកំពុងដាំដំណាំសុខៗ បែជាបុគ្គលឈ្មោះ ជា សៀកហុង ដឹកបង្គោលថ្មយកមកដាំភូមិព័ទ្ធយកដីរបស់គ្រួសារយើងខ្ញុំ និងបន្តប្រើប្រាស់ត្រាក់ទ័រមកភ្ជួររាស់ដូចជាដីកម្មសិទ្ធិរបស់ខ្លួនទៅវិញ ។
ខ្ញុំបាទហុងផល្លានិងក្រុមគ្រួសារ សូមគោរពស្នើសុំឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយសណ្ដោសប្រណីដោយជួយផ្ដល់កិច្ចអន្តរាគមន៍ ជុំវិញរឿងអយុត្តិធម៌របស់យើងខ្ញុំដែលជាប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
យើងខ្ញុំសូមជម្រាបជូនឯកឧត្តម សុខ លូ មេត្តាជ្រាបថា បុគ្គលឈ្មោះ ជា សៀកហុង កំពុងមានវិវាទជំលោះដណ្តើមគ្នា កាន់កាប់ដីចំការស្វាយមួយកន្លែង ដែលមានព្រំរបងជាប់នឹងដីចម្ការដំឡូងរបស់យើងខ្ញុំ ហើយជម្លោះរបស់ភាគីទាំងពីរបន្តបណ្ដឹងផ្តល់ចូលដល់តុលាការខេត្តបាត់ដំបងដោយមិនចេះចប់នៅឡើយទេ ទើបឈានដល់តុលាការចេញសេចក្តីសម្រេចធ្វើការឃ្លុំដីចំការស្វាយមានជម្លោះនោះជាបណ្ដោះអាសន្ន ប៉ុន្តែបុគ្គលឈ្មោះ ជា សៀកហុង ចង្អុលប្រាប់ទៅតុលាការឲ្យឃ្លុំរក្សាការពារ ទាំងដីស្របច្បាប់របស់ក្រុមគ្រួសារយើងខ្ញុំ ជិត២០ហិចតា ដែលប្លង់ស្របច្បាប់ ដែលមានព្រំរបង ជាប់ទៅនឹងដីដែលកំពុងមានជម្លោះដណ្តើមគ្នារបស់បុគ្គលទាំងនោះទេ ។
ខ្ញុំបាទ ហុង ផល្លា និងក្រុមគ្រួសារ សូមជម្រាបជម្រាបជូនឯកឧត្តម សុខ លូ អំពី សារបាណ នៃប្រវត្តិដីជិត 20 ហិតារបស់យើងខ្ញុំ កាលពីថ្ងៃទី 27 ខែកក្កដាឆ្នាំ 2009 ខ្ញុំបាទ ហុង ផល្លា និងក្រុមគ្រួសារ បានទិញដីចំនួនពីរប្លង់ មានផ្ទៃដីជិត 20 ហិចតាស្ថិតនៅភូមិកណ្ដាលស្ទឹង ឃុំអណ្ដើកហែប ស្រុករតនៈមណ្ឌល ពីយោធា ឈ្មោះលោក សោម សាយ៉ុន លោក កែវ វិត និងលោក វុន យិន បម្រើការជាកងទ័ព្ធនៅកងពលលេខ៥២ ក្នុងតម្លៃ 5000 ដុល្លារ ដោយមានភ្ជាប់នៅលិខិតកាន់កាប់ដីស្របច្បាប់ចេញដោយលោកលោកមេភូមិ និងមេឃុំអណ្ដើកហែប និងមានសាក្សីដឹងឮជាច្រើនរូប ផងដែរ ហើយខ្ញុំបាទ និងក្រុមគ្រួសារ បានកាន់កាប់និងអាស្រ័យផលដោយការដាំដំឡូងមី ឪឡឹកនិងដំណាំផ្សេងៗទៀត ចាប់តាំងពី ថ្ងៃទី 27 ខែកក្កដាឆ្នាំ 2009 រហូតមកដល់បច្ចុប្បន្ន ។
សូមជម្រាបជូនឯកឧត្តម សុខ លូ មេត្តាជ្រាបបន្ថែមទៀតថា បុគ្គលឈ្មោះ ជា សៀកហុង ដែលកំពុងមានជម្លោះនៅតុលាការខេត្តបាត់ដំបងដណ្ដើមគ្នាយកដីចំការស្វាយ ហើយកើតចិត្តលោភលន់ ឈានដល់ចង្អុលឱ្យតុលាការបន្តឃ្លុំថែម យកដីចម្ការ របស់គ្រួសារយើងខ្ញុំយ៉ាងអយុត្តិធម៍បំផុត មិនតែប៉ុណ្ណោះ បុគ្គលឈ្មោះ ជា សៀកហុង បានប្ដឹងថែមគ្រួសារយើងខ្ញុំ ទៅតុលាការខេត្តបាត់ដំបង ចំនួនពីរថ្នាក់ គឺសាលាដំបូង និងសាលាឧទ្ធរខេត្តបាត់ដំបង ហើយតំណាងអយ្យការទាំងពីរថ្នាក់ បានតម្កល់រឿងទុក្ខឥតចាត់ការ ដោយសារក្រុមគ្រួសារយើងខ្ញុំមានលិខិតកាន់កាប់ដី លិខិតទិញលក់ដី លិខិតវាស់វែងដីដោយអាជ្ញាធរដែនដី ស្របច្បាប់ពីយោធា ។ ហើយយោធាដែលជាម្ចាស់ដីដើមដែលបានលក់មុខឲ្យក្រុមគ្រួសារយើងខ្ញុំ ព្រមធ្វើជាសាក្សីដឹងឮទៀតផង បើទោះបីជាយោធាខាងលើ កំពុងមមាញឹកការពារនូវសមរភូមិជួរមុខព្រំដែនខ្មែរ- ថៃ ។
ករណីដែលរងនូវភាពអយុត្តិធម៌បំផុត ចំពោះក្រុមគ្រួសារយើងនោះគឺ នៅដើមខែមិថុនាឆ្នាំ 2026 នេះបុគ្គលឈ្មោះ ជា សៀកហុង បានបន្តគំរាមកំហែងមុខយើងខ្ញុំ ដោយបន្តយករបងថ្មមកដាំ និងព័ទ្ធដោយរបងលួសហ៊ុំព័ទ្ធដីចំការដំឡូងរបស់យើងខ្ញុំ ហើយហើយបន្តយកគ្រឿងចក្រត្រាក់ទ័រមកភ្ជួររាស់ យ៉ាងរំភើយដោយមិនខ្លាចញញើតច្បាប់សូម្បីបន្តិច។
តាមរយៈសារព័ត៌មានបាណន់សន្តិភាព ខ្ញុំបាទ ហុង ផល្លា និងក្រុមគ្រួសារ បានគោរពដឹងគុណដល់បិតាសន្តិភាពនៃកម្ពុជា ដោយមានសម្ដេចតេជោ- ធិបតី ជាបិតាស្ថាបនិក បានផ្ដល់សុខសន្តិភាពដល់ការរស់នៅរបស់យើងខ្ញុំ ។និងបានចាត់ទុកឯកឧត្តមសុខ លូ ជាឪពុក ជាម្លប់ដល់យើងខ្ញុំដែលជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងក្រោមការដឹកនាំរបស់ឯកឧត្តមផ្ទាល់ ទើបនៅថ្ងៃទី 26 ខែមិថុនាឆ្នាំ 2026 នេះ ខ្ញុំបាទនិង សុំធ្វើការគោរពស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់មួយពីឯកឧត្តមប្រធាន ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ក្រុមគ្រួសារ ក្នុងករណីដីធ្លី ត្រូវបានរំលោភបំពានពីបុគ្គលឈ្មោះ ជា សៀកហុង មកលើដីចំការស្របច្បាប់របស់ក្រុមគ្រួសារយើងខ្ញុំដោយកអនុគ្រោះបំផុត។ សូមឯកឧត្តម សុខ លូ មេត្តាជួយផង!!


