សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខ ក្រុមគ្រួសារលោក សាស្ត្រាចា្យ សំបូរ ម៉ាណ្ណារ៉ា

រាជធានី ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសាររំលែកទុក្ខផ្ញើជូនក្រុមគ្រួសាររបស់លោក សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដែងសេចក្ដីក្រៀមក្រំ និងសោកស្ដាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សាររំលែកទុករបស់សម្ដេចប្រធានព្រឹទ្ធសភាបានសរសេរថា៖«វេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង សង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មរណភាពរបស់ លោកសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏ សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទោះបីរូបកាយរបស់លោកសាស្ត្រាចារ្យបានបាត់បង់ទៅពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុង សន្តានចិត្តភរិយា កូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍៕

#សារព័ត៌មានប្រជារាស្ត្រ-bcrnews

ព័ត៌មានដែលជាប់ទាក់ទង
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សនរ៉ុនធីវីញូ! ព័ត៌មានថ្មីៗនឹងបង្ហាញនៅទីនេះទំនាក់ទំនងការផ្សាយពាណិជ្ជកម្មព័ត៌មានផ្សេងៗ​012 212 215/086 628 937