ប្រជាពលរដ្ឋសង្ស័យមានការឃុបឃិតបើកដៃឱ្យគ្រឿងចក្រឈូសឆាយព្រៃលិចទឹក និងជីកយកអាចម៍ដីលក់ដោយខុសច្បាប់ នៅស្រុកខ្សាច់កណ្តាល

 ប្រជាពលរដ្ឋសង្ស័យមានការឃុបឃិតបើកដៃឱ្យគ្រឿងចក្រឈូសឆាយព្រៃលិចទឹក និងជីកយកអាចម៍ដីលក់ដោយខុសច្បាប់ នៅស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ ករណីគ្រឿងចក្រមួយវង់កំពុងធ្វើសកម្មភាពឈូសឆាយបំផ្លាញព្រៃលិចទឹក និងជីកកកាយយកអាចម៍ដីធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កំពុងតែបង្កឱ្យមានការរិះគន់ និងសង្ស័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមហាជននៅក្នុងមជ្ឈដ្ឋានជុំវិញទីតាំងខាងលើ បានលួចខ្សឹបប្រាប់ឱ្យដឹងថា សកម្មភាពជីកដី និងឈូសឆាយព្រៃលិចទឹកនេះ ហាក់បីដូចជាមានការលួចលាក់ និងបិទបាំងព័ត៌មាន។ ប្រភពដដែលបានបន្តថា ទីតាំងអាជីវកម្មដ៏ធំមួយនេះ អាចនឹងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ ដោយសារតែការជីកកកាយដីធ្វើឡើងក្នុងជម្រៅយ៉ាងជ្រៅ និងមានការបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិក្នុងតំបន់ថែរក្សាទៀតផង។
ស្របពេលជាមួយគ្នានេះដែរ បើតាមប្រភពព័ត៌មានក្នុងស្រុកជាច្រើនបានបង្ហើបឱ្យដឹងថា ទីតាំងអាជីវកម្មឈូសឆាយព្រៃ និងជីកយកអាចម៍ដីដ៏ជ្រៅទៅលក់មួយកន្លែងនេះ គឺពុំមានលិខិតអនុញ្ញាត ឬច្បាប់ទម្លាប់ត្រឹមត្រូវដែលចេញដោយក្រសួងរ៉ែ និងថាមពល នោះឡើយ។
ដោយសារតែសកម្មភាពនេះអាចដំណើរការទៅបានយ៉ាងរលូន ដោយមិនខ្លាចរញើតនឹងច្បាប់បែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចមានការគប់គិតគ្នាយ៉ាងស្ងាត់កំបាំងជាប្រព័ន្ធ ជាមួយអាជ្ញាធរ ឬមន្ត្រីជំនាញនៅក្នុងមូលដ្ឋាន ទើបម្ចាស់អាជីវកម្មមានភាពរឹងដៃរឹងជើង ហ៊ានបញ្ជាគ្រឿងចក្រឱ្យចូលឈូសឆាយ និងជីកដីលក់យ៉ាងអនាធិបតេយ្យបែបនេះ។
ជុំវិញករណីមិនប្រក្រតីខាងលើនេះ ប្រជាពលរដ្ឋ និងមហាជននៅក្នុងស្រុកខ្សាច់កណ្ដាល ទាំងមូល សូមគោរពស្នើសុំ និងសំណូមពរយ៉ាងទទូចទៅដល់ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល មេត្តាជួយចាត់វិធានការក្តៅ ដោយបញ្ជាទៅមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទ ចុះទៅពិនិត្យមើលទីតាំងជាក់ស្ដែង ដើម្បីស្វែងរកការពិត និងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលស្រុក នឹងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពបំផ្លាញធនធានធម្មជាតិ និងការធ្វើអាជីវកម្មខុសច្បាប់ ដែលបង្កការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈនៅក្នុងមូលដ្ឋានបែបនេះបន្តទៀតឡើយ៕
ព័ត៌មានដែលជាប់ទាក់ទង
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សនរ៉ុនធីវីញូ! ព័ត៌មានថ្មីៗនឹងបង្ហាញនៅទីនេះទំនាក់ទំនងការផ្សាយពាណិជ្ជកម្មព័ត៌មានផ្សេងៗ​012 212 215/086 628 937