ទីតាំងល្បែងស៊ីសងដែល ស្ថិតនៅក្បែរក្លោងទ្វារវត្តខ្ចាយ ក្នុងភូមិរទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
- ប្រជាពលរដ្ឋសំណូមពរ ឯកឧត្តម ប៉េង ពោធិ៍សា និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ មេត្តាបើកការស៊ើបអង្កេតលើសមត្ថកិច្ចស្រុកស្វាយទាប ករណីបណ្តែតបណ្តោយឱ្យមានល្បែងមាន់ជល់និងឡូតូអនឡាញខុសច្បាប់

(ខេត្តស្វាយរៀង)យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍មកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យដឹងថា បច្ចុប្បន្នមានទីតាំងបើកល្បែងស៊ីសងអនឡាញខុសច្បាប់យ៉ាងគគ្រឹកគគ្រេងមួយកន្លែង ដែលកំពុងបង្កប់ខ្លួននៅក្នុងហាងកាហ្វេដែលមានផ្លាកយីហោ «វិង» ឈ្មោះ គង់ រ៉ាត់។
ទីតាំងល្បែងស៊ីសងនេះ ស្ថិតនៅក្បែរក្លោងទ្វារវត្តខ្មួាយទល់មុខរោងចក្រតំបន់សេកិច្ចក្នុងភូមិកន្ទ្រៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយសារទីតាំងខាងលើមានការប្រមូលផ្តុំក្រុមអ្នកញៀនល្បែងមកភ្នាល់មាន់ជល់និងឡូតូទាំងប្រុសស្រីក្នេងចាស់ តាមកញ្ចក់ទូរទស្សន៍ (អនឡាញ) យ៉ាងអនាធិបតេយ្យ។ អ្វីដែលធ្វើឱ្យមជ្ឈដ្ឋានពលរដ្ឋ និងសារព័ត៌មានក្នុងស្រុកដាក់ការសង្ស័យ និងរិះគន់ចំៗនោះគឺ ហេតុអ្វីបានជាល្បែងស៊ីសងខុសច្បាប់នេះអាចដំណើរការទៅបានយ៉ាងរលូន ដោយគ្មានការបង្ក្រាប?

ពលរដ្ឋបានបង្ហើបថា ក្រុមអ្នកលេងអនឡាញងាករេខុសច្បាប់ទាំងនោះ ហាក់មិនខ្លាចញញើតច្បាប់ទាល់តែសោះ ដោយសារពួកគេពឹងផ្អែកលើការចំណាយ (សូកប៉ាន់) ទៅលើមន្ត្រីសមត្ថកិច្ចមូលដ្ឋានអស់ទៅហើយ។ជុំវិញករណីនេះ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានព័ត៌មានបានដាក់សំណួរចំៗទៅកាន់ លោកអធិការនគរបាលស្រុកស្វាយទាប និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមាំងថ្កោល ដែលជាសមត្ថកិច្ចផ្ទាល់ក្នុងភូមិសាស្ត្រនេះ ថាតើលោកកំពុងតែធ្វើអ្វី

ហេតុអ្វីបានជាបណ្តែតបណ្តោយឱ្យបទល្មើសល្បែងស៊ីសងខុសច្បាប់ ដែលផ្ទុយពីគោលនយោបាយភភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលរីករាលដាលនៅក្នុងទឹកដីដែលលោកគ្រប់គ្រងបែបនេះ?ដើម្បីធានាបាននូវតម្លាភាព និងសណ្តាប់ធ្នាប់សង្គម ប្រជាពលរដ្ឋសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក៏ដូចជាលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប មេត្តាចាត់វិធានការក្តៅ ចុះពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងអនឡាញយីហោ វិង ឈ្មោះ គង់ រ៉ាត់ នេះជាបន្ទាន់ និងជួយពិនិត្យមើលភាពមិនប្រក្រតីរបស់មន្ត្រីថ្នាក់ក្រោមទាក់ទិននឹងការចោទប្រកាន់រឿងទទួលលុយគុបកិតពីល្បែងស៊ីសងនេះផង។




