អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពរោងចក្រកាត់ដេរមួយកន្លែងក្នុងស្រុកមុខកំពូល ក្រោយមានកម្មករដួលសន្លប់តទៀត, តំណាងរោងចក្រ នឹងកែប្រែកន្លែងធ្វើការតាមបទដ្ឋានបច្ចេកទេសឡើងវិញ

 

(កណ្តាល)៖ បន្ទាប់ពីកម្មករនៅរោងចក្រ «ស៊ី ហាវ ហ៊ែនប៊ែន ឯ.ក» បានដួលសន្លប់ជាបន្តបន្ទាប់ជាង៧០នាក់ នាពេលថ្មីៗនេះ, លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរស្រុកមុខកំពូល ដោយមានការចូលរួមពីមន្រ្តីក្រសួងពាក់ព័ន្ធនារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅរោងចក្រ ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ ការចុះទៅពិនិត្យជាក់ស្តែងនេះ ក្រោយជំនាញរកឃើញពីភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមិនទាន់ទទួលបានការឯកភាពត្រួតពិនិត្យពីស្តង់ដារ តែខាងរោងចក្របែរជាដំណើរការមុនមន្ត្រីចុះពិនិត្យ។

រោងចក្រនេះ ទើបនឹងដំណើរការថ្មីៗនេះ ហើយឯកសាររត់ការមានសភាពយឺតយ៉ាវ ខណៈមន្ត្រីពាក់ព័ន្ធមិនទាន់ចុះពិនិត្យមើល ទៅលើបទដ្ឋានបច្ចេកទេសនៅឡើយ ទើបបានជាបណ្ដាលឲ្យកម្មករដួលសន្លប់បន្តបន្ទាប់។

តាមបញ្ជាក់របស់មន្ត្រីជំនាញនីមួយៗ បានរាយការណ៍ថា បន្ទាប់ពីធ្វើការត្រួតពិនិត្យលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសពាក់ព័ន្ធនឹងបរិយាកាសការងារ កម្ដៅ ពន្លឺ ធូលី និងប្រព័ន្ធបញ្ចេញបញ្ចូល ខ្យល់ ក្រុមការងារបានពិនិត្យឃើញថា លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការអាចជាមូលហេតុ ដែលបណ្ដាលឱ្យកម្មករដួលសន្លប់ដោយសារកង្វះប្រព័ន្ធត្រជាក់ និងប្រព័ន្ធបញ្ចេញកំដៅ។

លោក គួច ចំរើន បានស្នើឲ្តម្ចាស់រោងចក្រ ត្រូវដោះស្រាយក្នុងស្ថានភាពបន្ទាន់ ដោយរោងចក្រត្រូវធ្វើការរាយប្រព័ន្ធទុយយោបាញ់ទឹក នៅលើដំបូលអគារគ្រប់អគារទាំងអស់ ដើម្បីធ្វើការបញ្ចុះកម្ដៅនៅក្នុងអាគារជាបណ្ដោះអាសន្ន និងត្រូវតែធ្វើការកែលំអរឡើងវិញ ដោយត្រូវរៀបចំប្រព័ន្ធត្រជាក់ឲ្យបានត្រឹមត្រូវ និងប្រព័ន្ធបញ្ចេញខ្យល់ក្ដៅចេញពីរោងចក្រ ដើម្បីធានាថា មានសុវត្ថិភាព និងមានខ្យល់ត្រជាក់ចូលគ្រប់គ្រាន់ និងខ្យល់ក្ដៅចេញវិញលឿនរហ័ស។

ជាមួយគ្នានេះលោកអភិបាលខេត្ត បានថ្លែងកោតសរសើរមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស ប.ស.ស ដែលបានយកចិត្តទុកដាក់ជួយដល់កម្មករ ដែលរងការដួលសន្លប់ ដោយមិនមានកម្មករណាម្នាក់រងគ្រោះធ្ងន់ធ្ងរឡើយ ពិសេសកោតសរសើរលោក យី យ៉េន អភិបាលស្រុកមុខកំពូល រហ័សរហួន ដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខបានលឿនល្អ។

លោក យូ យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថា កម្មករចំនួន៧៣នាក់ បម្រើការងារនៅរោងចក្រ «ស៊ី ហាវ» ក្នុងខេត្តកណ្ដាល បានដួលសន្លប់ ចាប់តាំងពីថ្ងៃទី៣ ខែមីនា មកដោយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែក ប៊ុន រ៉ានី ហ៊ុនសែន រការកោង, មណ្ឌលសុខភាព ព្រែកអញ្ចាញ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-គុយវ៉េត ដែលពួកគាត់ទទួលបានការយកចិត្តទុកដាក់ ព្យាបាលពួកគាត់បានល្អ គ្មានគ្រោះថ្នាក់អ្វីឡើយ ពោលគឺគ្រាន់តែខ្សោយបន្តិចបន្តួចប៉ុណ្ណោះ។

លោកអភិបាលស្រុកបន្តថា លោក និងក្រុមការងារចម្រុះមកពីមន្ទីរពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ក្រសួង បានតម្រូវឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន៣ថ្ងៃ ដោយរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ការងារ ទៀងទាត់ ជូនដល់កម្មករនិយោជិតគ្រប់ៗគ្នា ហើយពួកគេនឹងតម្រូវឲ្យចូលធ្វើការវិញតាមក្រុម តាមវេនរៀងៗខ្លួន ព្រោះស្ថានភាពសុខភាពវិលមកប្រក្រតីល្អវិញហើយ។

កញ្ញា រស់ ស្រីពេជ្រ តំណាងរោងចក្រ «ស៊ី ហាវ» បានថ្លែងអំណរគុណលោកអភិបាលខេត្ត និងក្រុមការងារទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ណែនាំ តម្រង់ទិសដល់រោងចក្រក្នុងគោលបំណងល្អ។ ក្នុងនាមរោងចក្រ នឹងយល់ព្រមតាមការណែនាំរបស់ថ្នាក់ដឹកនាំ និងអនុវត្តន៍ភ្លាម ដើម្បីបញ្ចៀសហានិភ័យនាពេលខាងមុខ៕

ព័ត៌មានដែលជាប់ទាក់ទង