ក្រសួងព័ត៌មាន និងស្ថានទូតចិនប្រចាំកម្ពុជា សម្ភោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង ឆ្នាំ២០២៥ យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ព័ត៌មានបំភ្លៃបន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាលទី២)

គម្រោងមេគង្គ–ឡានឆាង ឆ្នាំ២០២៥ ស្តីពីយុទ្ធនាការ “Zero Fake News” នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ព័ត៌មានប្រកបដោយភាពទុកចិត្ត និងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល,

គម្រោងដំណាក់កាលទី២ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីកិត្តិនាម នៃកិច្ច សហប្រតិបត្តិការ មេគង្គ-ឡាន ឆាង រវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ជាពិសេសជាមួយក្រសួងព័ត៌មាន តាមរយៈការសម្របសម្រួលពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា,

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ចេន ចុង (Chen Cong) តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីសម្ភោធការអនុវត្តគម្រោងមេគង្គ-ឡានឆាង នៃក្រសួងព័ត៌មាន យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ព័ត៌មានបំភ្លៃបន្ទាប់ពីការអនុវត្តគម្រោងស្តីពី «ការប្រឆាំងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន (ដំណាក់កាល ទី២) នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាសាលមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈ សារព័ត៌មាន នៃក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា គម្រោង«យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែង ក្លាយដំណាក់កាល ទី២»នេះ មានលក្ខណៈ ខុសប្លែកពីយុទ្ធនាការ «និយាយថាទេចំពោះ ព័ត៌មាក្លែងក្លាយ» ដែលក្រសួងព័ត៌មានបាន ចាប់ផ្តើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។ នៅដំណាក់កាលទី២នេះ គឺធ្វើជាលក្ខណៈតំបន់ដោយមានការអញ្ចើញចូលរួម ពីប្រទេសឡាវ វៀត ណាម និង ភូមា រួមជាមួយនិង ប្រទេសចិន ដែលជាប្រទេស ម្ចាស់ជំនួយក្នុងការ អនុវត្តគម្រោងនេះ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមការគ្រោងទុក ក្រសួងព័ត៌មាន នឹងចាប់ផ្តើមបើក «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២»ជាផ្លូវការនៅខែឧសភា ឆ្នាំ ២០២៦ខាងមុខនេះ ។ តាមរយៈយុទ្ធនាការនេះ យើងរំពឹងថាវានឹងរួមចំណែកបង្កើនការយល់ដឹងដល់សាធារណជនទាំងនៅក្នុងប្រទេស ទាំងនៅក្នុងតំបន់ អំពីគ្រោះថ្នាក់និងផលប៉ះ ពាល់នៃព័ត៌មានក្លែងក្លាយ តាមរយៈសារជា សំឡេង និងសារជាអក្សរដែលបានបង្ហាញ នៅក្នុងយុទ្ធនាការ និងតាមរយៈប្រព័ន្ធផ្សព្វ ផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយដែល មកពីប្រទេសចូលរួម និងតាមរយៈ វេទិកាពិភាក្សាស្តីពីការទប់ស្កាត់ការរីករាលនៃព័ត៌មាន ក្លែងក្លាយក្នុងប្រទេស និងឆ្លងដែន។ ទន្ទឹមនេះ ដែរ យុទ្ធនាការនេះនឹងជួយកាត់បន្ថយ អក្ខរកម្ម ព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ លើក កម្ពស់គុណភាពព័ត៌មាន និងពង្រឹងសមត្ថភាព ប្រព័ន្ធផ្សព្វផ្សាយក្នុងការស្រាវជ្រាវ និងផ្ទៀង ផ្ទាត់ព័ត៌មាន។ ជាពិសេសតាមរយៈយុទ្ធនាការនេះ ក្រុមយុវជនស្ម័គ្រចិត្តក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នឹងត្រូវបានបង្កើត ឡើងដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែង ក្លាយ។ ដូច្នេះ យុទ្ធនាការនេះមិនត្រឹមតែ បង្រៀនពលរដ្ឋម្នាក់ឱ្យស្គាល់ព័ត៌មានក្លែង ក្លាយប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះគាត់ឱ្យក្លាយជាភ្នាក់ងារទប់ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ ។

ឯកឧត្តម នេត្រ ភក្ត្រា បានរំលឹកឡើងវិញថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មាន ក្លែងក្លាយ (Say No to Fake News Campaign)» ដែលក្រសួងព័ត៌មានបាន អនុវត្តកាលពីឆ្នាំមុនបានទទួលជោគជ័យយ៉ាង ត្រចះត្រចង់ ដោយការផ្សព្វផ្សាយអំពីយុទ្ធនាការនេះ មានសាធារណជនចូលមើលជាង ៦ លាននាក់ នៅលើបណ្តាញសង្គម និងអ្នកចូល រួមដោយផ្ទាល់ជាង ៤ម៉ឺននាក់ ទាំងនៅរាជ ធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំង ២៥។ ជាពិសេសយុទ្ធនាការនេះបានចូលរួមការពារ យុវជនកម្ពុជាប្រមាណជា ៦៦ភាគរយ នៃប្រជាជនសរុប ពីគ្រោះថ្នាក់នៃព័ត៌មាន ឭក្លាយ ក្លែង។ តាមរយៈបទពិសោធដែលយើងទទួល បានពីយុទ្ធនាការ«និយាយថាទេចំពោះ ព័ត៌មានក្លែងក្លាយ» យើងសង្ឃឹមយ៉ាងមុតមាំ ថា យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២នេះ នឹងទទួលបានជោគ ជ័យដូចអ្វីដែលយើងរំពឹងទុក។ បទពិសោធន៍ទាំងនេះនឹងជួយពង្រឹងតួនាទីដ៏សកម្មរបស់ កម្ពុជាក្នុងការចូលរួមជាមួយប្រទេស ជា សមាជិកតំបន់ទន្លេមេគង្គ ដើម្បីប្រយុទ្ធ ប្រឆាំងព័ត៌មាន ក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានភាន់ ច្រលំ (Misinformation) ជា ពិសេស ព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយ បញ្ញាសិប្បនិម្មិត (AI) ដែលបាននិងកំពុងចរាចរពាសពេញនៅលើបណ្តាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។

ព័ត៌មានដែលជាប់ទាក់ទង